General News

ទើបតែ ១៣ឆ្នាំសោះ បោកឪពុកម្តាយឡើងឈ្ងុយ ថាត្រូវគេចាប់ជំរិត ដើម្បីចង់បានលុយរាប់ពាន់ដុល្លារ ទៅទិញទូរស័ព្ទស៊េរីទំនើប!

ចិន៖ ជារឿងនឹកស្មានមិនដល់ ដែលក្មេងប្រុសអាយុទើបតែ ១៣ឆ្នាំ ជនជាតិចិនម្នាក់ ហ៊ានសម្ដែងឈុតឆាកបោកប្រាស់ឪពុកម្តាយខ្លួនឯង ថាត្រូវបានគេចាប់ជំរិត ដើម្បីចង់បានលុយរាប់ពាន់ដុល្លារ ទៅទិញទូរស័ព្ទស៊េរីទំនើបកាន់ប្រើ តែទីបំផុតត្រូវបែកការណ៍។

ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃអាទិត្យ សប្តាហ៍កន្លងទៅនេះ ក្នុងទីក្រុង Leshan ខេត្តស៊ីឈួន ប្រទេសចិន។

ក្មេងប្រុសបោកប្រាស់ខាងលើនេះ ត្រូវបានគេហៅឈ្មោះថា Xiaojun អាយុ១៣ឆ្នាំ។ ក្នុងថ្ងៃកើតហេតុនោះ ក្មេងប្រុស Xiaojun ត្រូវបានគេរាយការណ៍ រូបគេបានព្យាយាមប្រើគ្រប់វិធីសាស្រ្ត ដើម្បីចង់បានលុយចំនួន ៥០,០០០យ័ន ឬប្រហែលជិត ៨ម៉ឺនដុល្លារអាមេរិក ដោយធ្វើជាទូរស័ព្ទទៅម្តាយរបស់គេ ហើយប្រាប់ថា ខ្លួនត្រូវបានគេចាប់ជំរិត។

យ៉ាងណាមិញ បើយោងតាមកាសែតក្នុងស្រុក Chengdu Business News បានឲ្យដឹងថា នៅប្រហែលជាម៉ោង៥ល្ងាច ថ្ងៃអាទិត្យ សប្តាហ៍កន្លងទៅនោះ ស្រ្តីជាម្តាយឈ្មោះ Zhang Li បានទទួលការហៅចូលទូរស័ព្ទ លេខពីទីក្រុងប៉េកាំង មកកាន់ទូរស័ព្ទដៃរបស់ខ្លួនក្នុងខេត្តស៊ីឈួន។

ក្មេងប្រុស Xiaojun ត្រូវប៉ូលិសសួរចម្លើយ
ស្រ្តីជាម្តាយរូបនេះ បានឮសូរសំឡេងកូនប្រុសរបស់ខ្លួនស្រែកយំថា៖ «ម៉ាក់! ម៉ាក់!» ។ ហើយខ្លួនក៏បានសួរទៅវិញថា៖ «តើនរណាគេកំពុងតែនិយាយទូរស័ព្ទនេះ?» ។ ភ្លាមៗនោះ Xiaojun ដែលកូនប្រុសបានស្រែកឆ្លើយតបវិញថា៖ «ជនចម្លែកម្នាក់!» ។ បន្ទាប់មក Xiaojun គិតតែពីធ្វើស្រែកយំ រួចក៏បិទទូរស័ព្ទនោះចោលតែម្តង។ ជាហេតុធ្វើឲ្យស្រ្តីជាម្តាយភិតភ័យ និងអន្ទះសាជាខ្លាំង។

ប្រភពដដែលបន្តថា រយៈពេល៣ម៉ោងក្រោយមក ម្តាយរបស់គេក៏បានទទួលការហៅចូលលេខផ្សេងមកទៀត។ ហើយនៅពេលនោះ Xiaojun កាន់តែស្រែកយំ និងបាននិយាយថា រូបគេត្រូវបានគេចាប់ជំរិតមក នៅក្បែរស្ថានីយរថភ្លើងមួយកន្លែង។ បន្ទាប់មក ទូរស័ព្ទក៏ត្រូវបានបិទ ខណៈឯម្តាយរបស់ Xiaojun ក៏បានទទួលសារគំរាមមួយថា៖

«ប្រសិនបើចង់បានកូនប្រុសរបស់អ្នក ត្រលប់ទៅផ្ទះវិញដោយសុវត្ថិភាព ត្រូវតែយកលុយមកឲ្យយើង ៥០,០០០យ័ន (ប្រហែលជា ៧,៨០៩ដុល្លារអាមេរិក) នៅស្ថានីយរថភ្លើងឲ្យបានជាប្រញាប់ បើមិនដូច្នេះទេគេប្រាកដជាត្រូវស្លាប់ជាមិនខាន» ។

លើសពីនេះ Xiaojun ដែលដើរតួជាជនរងគ្រោះផង និងជាជនចាប់ជំរិតបោកប្រាស់ឪពុកម្តាយខ្លួនឯងផងនោះ ថែមទាំងបានថតរូបរបស់គេដែលកំពុងតែយំ ជាមួយនឹងកូនកន្សែងពណ៌សមួយ ញ៉ុកជាប់មាត់របស់គេទៀតនោះ ផ្ញើទៅឲ្យម្តាយរបស់គេមើល ដើម្បីឲ្យកាន់តែជឿជាក់។

មិនបង្អស់យូរ ម្តាយរបស់ Xiaojun ក៏បានសរសេរឆ្លើយតបវិញថា៖ «សូមកុំធ្វើអ្វីកូនប្រុសខ្ញុំឲ្យសោះ ខ្ញុំសូមអង្វរណា៎! លុយខ្ញុំរៀបចំរួចស្រេចហើយ!» ។ ហើយភ្លាមនោះ ស្រ្តីជាម្តាយរូបនេះ ក៏បានទាក់ទងទៅកាន់ប៉ូលិសក្នុងតំបន់ និងបានប្រគល់កញ្ចប់លុយ ដើម្បីឲ្យជួយចាត់ចែងលើរឿងមួយនេះ។

ក្រោយមក ស្រាប់តែមានលេខទូរស័ព្ទមួយខ្សែទៀតខលចូលមក ខណៈដែលក្មេងប្រុស Xiaojun បាននិយាយថា រូបគេត្រូវបានជនចាប់ជំរិតចំនួន៤នាក់ បាននាំខ្លួនគេមកស្ថានីយរថភ្លើង យកក្រណាត់ចងភ្នែកគេជិត ហើយបានទម្លាក់គេទុកចោលនៅក្រោមគ្រែនៅទីនោះ។

សារដែលក្មេងប្រុស Xiaojun បានផ្ញើ
ប៉ុន្តែយ៉ាងណាមិញ ប៉ូលិសកើតការសង្ស័យមួយចំនួន តាមរយៈសារក្នុងទូរស័ព្ទដែលបានផ្ញើមក ហាក់មានភាពមិនស៊ីសង្វាក់គ្នា និងជាពិសេស លេខទូរស័ព្ទមួយខ្សែ ដែលខលចេញពីប៉េកាំង អាចចាត់ទុកថាជាលេខក្លែងក្លាយ ឬបោកប្រាស់។

ប៉ូលិសឆ្ងល់ថា បើមានជនចាប់ជំរិតដល់ទៅ៤នាក់ ចុះហេតុអ្វីបានជាទុកឲ្យក្មេងនេះ (Xiaojun) នៅម្នាក់ឯង ជាមួយនឹងទូរស័ព្ទដៃបែបនេះ។ ទីបំផុតក្រោយធ្វើការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់បំផុតនោះ ក្មេងប្រុស Xiaojun ក៏បានសារភាពតាមត្រង់ថា ផែនការទាំងអស់នេះ ខ្លួនជាអ្នករៀបចំបោកប្រាស់ទាំងអស់។

បើយោងទៅតាមរបាយការណ៍ក្នុងស្រុក បានចុះផ្សាយថា ក្មេងប្រុសនេះបានឆ្លើយសារភាពថា ខ្លួនគ្រាន់តែចង់បំភ័យដល់ឪពុកម្តាយរបស់គេ ដើម្បីឲ្យពួកគាត់យកចិត្តទុកដាក់ ស្រលាញ់មកលើខ្លួនបន្ថែមទៀត និងជាពិសេស រូបគេចង់បានលុយដើម្បីទិញទូរស័ព្ទស៊េរីទំនើបមួយគ្រឿងតែប៉ុណ្ណោះ។ ព្រោះកន្លងមក រូបគេធ្លាប់សុំម្តាយឪពុករបស់គេ ទិញទូរស័ព្ទស៊េរីទំនើប ចង់មួយឆ្នាំមកហើយ ប៉ុន្តែពួកគាត់មិនព្រមទិញឲ្យឡើយ ទើបរូបគេសម្រេចចិត្តធ្វើបែបនេះ ដោយមិនចង់រង់ចាំយូរតទៀត៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

Leave a Reply

Your email address will not be published. Required fields are marked *