General News

ចង់ក្លាយជាអ្នកដឹកនាំជោគជ័យ ត្រូវមានចំណុចខ្លាំងទាំងប្រាំនេះ!

ដើម្បីក្លាយជាដឹកនាំដ៏ជោគជ័យមួយរូប វាមិនមែនជារឿងងាយស្រួលនោះទេ។ ដោយមិនបាច់សង្ស័យច្រើន អ្នកដឹកនាំជោគជ័យជាប្រភេទមនុស្ស ដែលមានសមត្ថភាពខ្ពស់ក្នុងដោះស្រាយបញ្ហា និងជាមនុស្សដែលទទួលបានការកោតគោរពពីបុគ្គលិកនយោជិក។

ខាងក្រោមជាចំណុចខ្លាំងទាំងប្រាំយ៉ាង អ្នកដឹកនាំគ្រប់រូបត្រូវតែមាន៖

១. ផែនការ ឬគម្រោងច្បាស់លាស់
ជាទូទៅមនុស្សជាច្រើនពុំដឹងថា តើខ្លួនគួរធ្វើអ្វីបន្តនៅពេលអនាគត។ ផ្ទុយគ្នានេះ អ្នកដឹកនាំជោគជ័យគ្រប់រូបប្រាកដក្នុងចិត្តពីអ្វីដែលខ្លួនឯងគួរធ្វើ ពោលគឺទាមទារឲ្យមានគម្រោង ឬផែនការច្បាស់លាស់ ក៏ដូចជាចក្ខុវិស័យសម្លឹងឆ្ពោះទៅមុខឲ្យបានវែងឆ្ងាយ។

២. ការសម្រេចចិត្ត
ពេលធ្វើការសម្រេចចិត្ត អ្នកដឹកនាំជោគជ័យច្បាស់ជាមិនរុញរាក្នុងការសម្រេចគោលបំណងរបស់ខ្លួន ហើយប្រសិនបើបានសម្រេចចិត្តធ្វើអ្វីមួយ ពួកគេនឹងព្យាយាមធ្វើវាឲ្យបាន ដោយមិនផ្លាស់ប្តូរគំនិត លុះត្រាចាំបាច់ត្រូវបត់បែនតាមកាលៈទេសៈ។

៣. ភាពជឿជាក់
ជាទូទៅភាពជឿជាក់គឺជាកម្លាំងចិត្តដ៏សំខាន់មួយ ដែលជំរុញឲ្យមានភាពជោគជ័យ។ ដើម្បីក្លាយជាអ្នកដឹកនាំដ៏ល្អមួយរូប ទាមទារទំនុកចិត្តលើខ្លួនឯងយ៉ាងមុតមាំ ពោលគឺពុំមានភាពភ័យខ្លាច ដែលវាជាចំណុចយ៉ាងសំខាន់មួយអ្នកមិនគួរមើលរំលង។

៤. ស្រឡាញ់អ្វីដែលអ្នកកំពុងធ្វើ
អ្នកគួរតែធ្វើអ្វីដែលខ្លួនស្រឡាញ់ ឫអ្វីដែលខ្លួនឯងផ្ទាល់ស្រមៃចង់ធ្វើ ដូច្នេះវារឿងសំខាន់ក្នុងការសម្រេចគោលបំណងដែលខ្លួនបានគិត។ ពេលអ្នកច្បាស់ពីអ្វីដែលខ្លួនអ្នកចង់ធ្វើ នោះក្រុមការងារអ្នកនឹងឈរពីក្រោយគាំទ្រអ្នកជានិច្ច។

៥. ការបន្ទាបខ្លួន
ទោះបីភាពជឿជាក់ជាចំណុចសំខាន់អ្នកដឹកនាំគ្រប់រូបគួរមានយ៉ាងណាក៏ដោយ ក៏ការជឿជាក់លើខ្លួនឯងជ្រុលពេក គឺជាអ្វីដែលអ្នកមិនគួរធ្វើ។ អ្នកដឹកនាំជោគជ័យភាគច្រើន ជាប្រភេទមនុស្សដែលទទួលយកគំនិតអ្នកដទៃ ឬទទួលយកការរិះគន់ក្នុងគោលបំណងដើម្បីស្ថាបនា។ ជាលទ្ធផលពួកគេទទួលបានទំនាក់ទំនងល្អ និងការកោតគោរពពីសំណាក់បុគ្គលិកនិយោជិក៕

Leave a Reply

Your email address will not be published. Required fields are marked *